(Sources: King County Public Health, CDC)


តើមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ (COVID-19) ហើយឬនៅ?

រដ្ធបាលត្រួតពិនិត្យអាហារ និងថ្នាំពេទ្យ (FDA) បានយល់ព្រមអោយប្រើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងគ្រាបន្ទាន់ជាលើក ដំបូងបង្អស់។ គេកំពុងតែបង្កើតវ៉ាក់សាំងជាច្រើនប្រភេទផ្សេងៗ ហើយមួយចំនួនធំទៀតកំពុងស្ថិតក្នុងការសាកល្បងព្យាបាល ដោយមានអ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់ចូលរួមដើម្បីធានាថា វាមានសុវត្ថិភាពនិងប្រសិទ្ធភាព។

វ៉ាក់សាំងការពារជំងឺកូវីដ១៩នឹងមកដល់រដ្ធវ៉ាស៊ីងតោនមុនចុងឆ្នាំ២០២០ក្នុងចំនួនយ៉ាងមានកំណត់ ។ យើងរំពឹងថា ចំនួនថ្នាំនឹងមាន កាន់តែច្រើនជាបណ្ដើៗ ហើយនៅក្នុងឆ្នាំ ២០២១ វានឹងមានកាន់តែច្រើនសម្រាប់យើងគ្រប់ៗគ្នាដែលចង់ចាក់វ៉ាក់សាំងនៅក្នុងរដូវ ផ្ការីកឬរដូវក្ដៅឆ្នាំ២០២១។


តើអ្វីទៅជាការអនុញ្ញាតិអោយប្រើប្រាស់ជាបន្ទាន់?

រដ្ឋបាលគ្រប់គ្រងនិងត្រួតពិនិ្យថ្នាំពេទ្យ (FDA) ចេញការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ដែលត្រូវបានគេស្គាល់ថា EUA ក្នុងអំឡុងពេលមានអាសន្នក្នុងប្រទេសដើម្បីឱ្យមានផលិតផលអាចយកមកប្រើការដោះស្រាយតម្រូវការសុខភាពជាបន្ទាន់។ EUA អនុញ្ញាតឱ្យប្រើផលិតផលមុនពេលមានអាជ្ញាប័ណ្ណពេញលេញ។ EUA អាចអនុញ្ញាតអោយធ្វើតេស្តផលិតឧបករណ៍ឬការព្យាបាល។ រដ្ឋបាល FDA បានចេញបញ្ជា EUA ដើម្បីដោះស្រាយបញ្ហាជម្ងឺ Anthrax ជំងឺអ៊ីបូឡា Ebola ជំងឺផ្តាសាយបក្សី H1N1 និងបញ្ហាអាសន្នសុខភាពផ្សេងទៀតនាពេលកន្លងមក។

អ្វីៗត្រូវស្របតាមគោលការណ៍ណែនាំរបស់ FDA សិន មុននិងគេអនុញ្ញាតអោយប្រើថ្នាំវ៉ាក់សាំងកូវីដ១៩ជាបន្ទាន់ មានរួមទាំងស្តង់ដារសុវត្ថិភាពនិងប្រសិទ្ធភាពហើយត្រូវបានពិនិត្យឡើងវិញដោយអ្នកជំនាញវេជ្ជសាស្ត្រឯករាជ្យ។ ប្រសិនបើ FDA យល់ព្រមអោយអនុម័តវ៉ាក់សាំងប្រើជាបន្ទាន់ គណៈកម្មាធិការប្រឹក្សាឯករាជ្យទី ២ នឹងវិនិច្ឆ័យទិន្នន័យសុវត្ថិភាពនិងប្រសិទ្ធភាពសិន។ គណៈកម្មាធិការនេះនិងគណៈកម្មាធិការប្រឹក្សាលើការអនុវត្តថ្នាំវ៉ាក់សាំង (ACIP) នឹងផ្តល់អនុសាសន៍ថា តើវ៉ាក់សាំងគួរ តែយកមកប្រើការដែរឬអត់។ ប្រសិនបើពួកគេសំណូមពរអោយប្រើ, ACIP នឹងចេញគោលការណ៍ណែនាំទៅអ្នកផ្តល់សេវា ថែទាំសុខភាព។

រដ្ធបាល FDA និងក្រសួង CDC នឹងបន្តតាមដានសុវត្ថិភាពនិងប្រសិទ្ធភាពរបស់ថ្នាំវ៉ាក់សាំង ទោះបីជាត្រូវបានគេយល់ព្រម អោយអនុម័តក៏ដោយ។


តើគេផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ COVID-19 ហើយនិងតេស្តសុវត្តភាពនិងប្រសិទ្ធភាពរបស់វារបៀបណា?

វ៉ាក់សាំងដែលមានសុវត្ថិភាពគឺសំខាន់ជាងគេ។ គ្រប់ វ៉ាក់សាំងការពារជំងឺកូវីឌ-១៩ COVID-19 ទាំងអស់ ត្រូវឆ្លងកាត់ ដំណើរការសាកល្បងវិនិច្ឆ័យនិងអនុម័តយ៉ាងម៉ឺងម៉ាត់ rigorous and multi-step testing និងជាច្រើនជំហានមុន និងគេអាចយកវាមកប្រើការបាននៅក្នុងសហរដ្ធអាមេរិក។ នេះរួមទាំងមានអ្នកស្ម័គ្រចិត្តចូលរួមរាប់ម៉ឺននាក់ហើយមានទីប្រឹក្សាឯក រាជ្យត្រួតពិនិត្យទិន្នន័យសុវត្តភាព។ គេនឹងយល់ព្រមអោយប្រើប្រាស់ប៉ុណ្ណោះប្រសិនបើវាឆ្លងផុតស្តង់ដារសុវត្តភាព និងប្រសិទ្ធភាព។ គេក៏តាមដានពិនិត្យមើលសុវត្តភាពវ៉ាក់សាំងក្រោយពីបានចាក់រួចផងដែរ។


ម្ដេចគេផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ COVID-19 បានលឿនម្លេះ?

ជាធម្មតា ការសាកល្បងនិងការផលិតថ្នាំងវ៉ាក់សាំងត្រូវបានធ្វើក្នុងដំណាក់កាលដោយឡែកពីគ្នា។ ដោយសារតែមានជំងឺរាតត្បាត ការសាកល្បងនិងការផលិតត្រូវបានធ្វើក្នុងពេលជាមួយគ្នា។ គេមិនរលងដំណាក់កាលណាមួយទេ ប៉ុន្តែពេលវេលាផលិតវា អាច ដំណើរការលឿនជាងធម្មតា។

នៅពេលគេអនុញ្ញាតអោយយកវ៉ាក់សាំងមកប្រើជាបន្ទាន់ អ្នកស្ម័គ្រចិត្តដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវបានគេតាម ដានត្រួតពិនិត្យក្នុងរយៈពេលខ្លីជាងវិធីអនុម័តវ៉ាក់សាំងតាមរបៀបុរាណ។ ការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ មានអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ ហើយយ៉ាងហោចណាស់ពាក់កណ្តាលនៃអ្នកស្ម័គ្រចិត្តនោះ ត្រូវបានគេតាមពិនិត្យមើលយ៉ាងតិចណាស់ចំនួន ២ ខែបន្ទាប់ពីពួក គេបានចាក់វ៉ាក់សាំងចុងក្រោយរួច (ជាជាងរយៈពេលចំនួន ៦ ខែឬច្រើនជាងនេះក្នុងករណីសាកល្បងបែបបុរាណ) ។ យ៉ាងណាក្ដី ផលប៉ះពាល់ភាគច្រើនពីថ្នាំវ៉ាក់សាំង នឹងចេញអាការៈរបស់វាក្នុងរយៈពេលពីរខែក្រោយមក។

ផលប៉ះពាល់ដ៏កម្រអាចកើតឡើងដែរនៅពេលដែលមានមនុស្សរាប់លាននាក់បានចាក់វ៉ាក់សាំង។ ដោយសារហេតុផលនេះហើយ បានជាគេបន្តតាមដានមើលសុវត្ថិភាពនៃថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ក្រោយពីបានចាក់រួច។


តើថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ (COVID-19) ដំណើរការរបៀបណា?

វ៉ាក់សាំងការពារជំងឺកូវីដ១៩នឹងជួយខ្លួនប្រាណរបស់យើងស៊ាំងនិងមេរោគដែលបណ្ដាលអោយយើងកើតជំងឺកូវីដ-១៩ ដើម្បីជៀង វាងកុំអោយ យើងធ្លាក់ខ្លួនឈឺ។ នៅពេលអ្នកចាក់វ៉ាក់សាំង ប្រព័ន្ធការពារខ្លួនរបស់អ្នកបង្កើតអង្គបដិប្រាណនិងកោសិកាប្រឆាំង និងមេរោគផ្សេងៗទៀតដែលជួយការពារអ្នកក្នុងគ្រាដែលអ្នកឆ្លងមេរោគ។


តើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានអត្ថប្រយោជន៌អ្វីដែរ?

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងជួយអ្នកពីការធ្លាក់ខ្លួនឈឺឬឈឺធ្ងន់ធ្ងរបណ្ដាលមកពីជំងឺកូវីដ-១៩ ។ វាជួយការពារអ្នកដោយ បង្រៀនប្រព័ន្ធការពារខ្លួនរបស់អ្នកអោយចេះប្រឆាំងនឹងវីរុសកុំអោយអ្នកឆ្លងជំងឺកូវីដ-១៩ ។ នៅក្នុងការសាកល្បង នៅមន្ទីរពិសោធ ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ដែលបច្ចុប្បន្នត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពកំរិតខ្ពស់ក្នុងការការពារមនុស្សពីការឆ្លងជំងឺកូវីដ-១៩ ។

ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយដើម្បីជួយបញ្ឈប់ជំងឺរាតត្បាត។ ការពាក់រម៉ាស់និងការរក្សាគម្លាតពីគ្នានឹងជួយ កាត់បន្ថយឱកាសឆ្លងរោគពីអ្នកដ៏ទៃឬចម្លងរោគពីគ្នាទៅវិញទៅមកប៉ុន្តែវិធានការទាំងនេះតែឯងមិនគ្រប់គ្រាន់ទេ។ ថ្នាំវ៉ាក់សាំងនឹងធ្វើការ ជាមួយប្រព័ន្ធការពារខ្លួនរបស់អ្នកដូច្នេះវានឹងត្រៀមខ្លួនជាស្រេចដើម្បីប្រឆាំងនឹងវីរុសប្រសិនបើអ្នកត្រូវបានជួបប្រទះនិងវា។ ការរួម បញ្ចូលគ្នាជាមួយការចាក់វ៉ាក់សាំងនិងអនុវត្តតាមអនុសាសន៍សុខភាពសាធារណៈដើម្បីការពារខ្លួនអ្នកនិងអ្នកដទៃ public health recommendations to protect yourself and others នឹងផ្តល់នូវការការពារដ៏ល្អបំផុតពីជំងឺកូវីដ-១៩ សម្រាប់ពេលបច្ចុប្បន្ននេះ។


តើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ COVID-19 នឹងធ្វើអោយអ្នកកើតជំងឺកូវីដ១៩ឬឆ្លងជំងឺកូវីដ-១៩ ឬទេ?

ទេវ៉ាក់សាំងការពារជំងឺកូវីដ-១៩មិនអាចបណ្តាលអោយឆ្លងជំងឺកូវីដ-១៩ទេ។វ៉ាក់សាំងកូវីដ-១៩បង្រៀនខ្លួនប្រាណរបស់យើង អោយចេះការពារយើងដោយបង្កើតអង្គបដិប្រាណនិងកោសិកាប្រឆាំងមេរោគផ្សេងៗទៀត។ ក្នុងករណី វ៉ាក់សាំង ប្រភេទ mRNA (ដូចជាវ៉ាក់សាំងពីក្រុមហ៊ុន Pfizer និង Moderna) វាការពារយើងដោយបញ្ជាកោសិការបស់យើងអោយផលិតជាតិប្រូតេអ៊ីនដែល អាចបង្រៀនប្រព័ន្ធការពារខ្លួនរបស់យើងអោយការពារកុំអោយឆ្លងជំងឺកូវីដ-១៩ ដោយមិនចាំបាច់ប្រើផ្នែកណាមួយនៃមេរោគកូវីដ-១៩ ទេ។

វាអាចធ្វើអោយមានផលប៉ះពាល់ដូចជាឈឺក្បាលឈឺដៃអស់កម្លាំងឬក្តៅខ្លួនក្នុងរយៈពេលមួយឬពីរថ្ងៃបន្ទាប់ពីអ្នកបានចាក់រួច។ប៉ុន្តែផលប៉ះពាល់ទាំងនេះមានមួយរយៈពេលខ្លីហើយវាជាសញ្ញាបង្ហាញថា វ៉ាក់សាំងនេះកំពុងបង្កើតភាពស៊ាំនៅក្នុងខ្លួនរបស់អ្នក។ រោគសញ្ញាខ្លះៗនៃផលប៉ះពាល់ទាំងនេះ ប្រហាក់ប្រហែលនិងការកើតជំងឺកូវីដ-១៩ ប៉ុន្តែវាមិនដូចនិងការឆ្លងជំងឺនេះទេ។


តើពេលណាទើបខ្ញុំអាចចាក់វ៉ាក់សាំងបាន?

ក់សាំងកូវីដ១៩ នឹងមកដល់រដ្ឋវ៉ាស៊ីងតោនហើយមានចំនួនកំណត់មុនដំណាច់ឆ្នាំ ២០២០ ។ ខណៈពេលដែលវ៉ាក់សាំងមានកង្វះខាត ថ្នាំទាំងនេះនឹងត្រូវបានផ្តល់តាមអាទិភាពដោយក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីងតោនយោលទៅតាមអនុសាសន៍របស់គណៈកម្មាធិការប្រឹក្សា (ACIP) ពីក្រសួង CDC ស្តីពីការអនុវត្តនៃការចាក់ថ្នាំវ៉ាក់សាំង។ ចំនួនវ៉ាក់សាំងតិចតួចបំផុតក្នុងសប្តាហ៍ដំបូង នឹងចាក់អោយតែបុគ្គ លិកណាដែលមានហានិភ័យខ្ពស់ ធ្វើការនៅកន្លែងថែទាំសុខភាពនិងអ្នកដែលរស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ជរាតែប៉ុណ្ណោះ។

ជាបណ្តើរៗ វ៉ាក់សាំងកូវីដ១៩នឹងមានកាន់តែច្រើននៅឆ្នាំ ២០២១។ អ្នកដែលមានហានិភ័យខ្ពស់ឆ្លងជំងឺកូវីដ១៩ឬមនុស្សពេញវ័យ ដែល មានហានិភ័យខ្ពស់ដោយសារបញ្ហាសុខភាពនឹងត្រូវផ្តល់អាទិភាព ដូចជាអ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរបំផុតឬអ្នកធ្វើការចាំបាច់ ដែល អាចជួបហានិភ័យឆ្លងជំងឺកូវីដ១៩ហើយនិងអ្នកអាយុ៦៥ឡើងទៅ។ ទីបំផុត អ្នកណាចង់ចាក់វ៉ាក់សាំងនឹងអាចចាក់បាន។

ស្វែងយល់បន្ថែមអំពីការចែកចាយវ៉ាក់សាំងកូវីដ-១៩ របស់រដ្ឋវ៉ាស៊ីនតោននៅទីនេះ


តើការចាក់វ៉ាក់សាំងនឹងចំណាយអស់ប៉ុន្មាន?

ការចាក់វ៉ាក់សាំង COVID-19 មិនអស់ថ្លៃចំណាយទេ ។ មេឌីឃែ (Medicare), មេឌីខេត (Medicaid) ហើយនិងការធានា រ៉ាប់រងសុខភាពឯកជនភាគច្រើននឹងចេញថ្លៃចាក់វ៉ាក់សាំង ហើយគេនឹងចេញថ្លៃចាក់វ៉ាក់សាំងអោយអ្នកណាដែលគ្មានការធានារ៉ាប់រង សុខភាព។

អ្នកប្រហែលជាត្រូវចេញថ្លៃឈ្នួលឬបង់ថ្លៃជួបគ្រូពេទ្យខ្លះ អាស្រ័យទៅលើគំរោងធានារ៉ាប់រងសុខភាពរបស់អ្នក ឬគ្រូពេទ្យដែលអ្នកទៅជួប។

ក្រសួងសុខភាពសាធារណៈ - ទីក្រុងស៊ីអាថុល Seattle និងឃីងខោនធី King County ក៏កំពុងរៀបចំផែនការបើកមន្ទីរចាក់ វ៉ាក់សាំងដោយឥតគិតថ្លៃផងដែរ។ ការចែកចាយអោយបានស្មើភាពគ្នាគឺជាអាទិភាពសម្រាប់មន្ទីរសុខភាពទាំងនេះ។ យើងនឹងចែករំលែក ព័ត៌មានបន្ថែមនៅពេលយើងចូល ដំណាក់កាលចែកចាយនេះ។


តើខ្ញុំត្រូវការចាក់វ៉ាក់សាំងប៉ុន្មានដង?

វ៉ាក់សាំងភាគច្រើនដែលគេកំពុងតែផលិតតម្រូវអោយចាក់ពីរដង មួយម្ជុលដំបូងដើម្បីបង្កើតប្រព័ន្ធការពារ ម្ជុលទី២ដើម្បីបង្កើនអោយគ្រប់ កំរិតការពារខ្ពស់ជាទីបំផុត។

ការចាក់លើកទី ២ គួរតែចាក់ក្នុងរយៈពេល ២១ ឬ ២៨ ថ្ងៃក្រោយពីបានចាក់លើកទី ១ រួច ដោយអាស្រ័យទៅតាមប្រភេទវ៉ាក់សាំង។ អ្នកត្រូវចាក់វ៉ាក់សាំងប្រភេទដូចគ្នាទាំងពីរលើក។ នៅពេលដែលអ្នកចាក់វ៉ាក់សាំងលើកដំបូងរួច គេនឹងប្រាប់អ្នកអំពីពេល វេលាដែលត្រូវ មកចាក់លើកទីពីរ។